សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមមាន៖
១៖ ថវិការដ្ឋ មានដូចជា៖ អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយ ផ្លូវបេតុង របងថ្មីខាងជើង និងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូង និងខាងកើត និងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ។
២៖ ថវិកាសប្បុរជន (ជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី) មានដូចជា៖ ការកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ។
៣៖ ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស មានដូចជា៖ ការសាងសង់ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម៉ែត្រ គុណ១៥ម៉ែត្រ) និងអគារធ្វើលំហាត់ប្រាណដោយមានបំពាក់សម្ភារបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម៉ែត្រ គុណ១៧ម៉ែត្រ កម្ពស់បីជាន់)៕