រដ្ឋមន្ត្រី  នេត្រ ភក្ត្រា ៖ សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ

admin By admin June 3, 2026

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ, ទំនុកចិត្តសាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ» ចេញផ្សាយដោយ ក្រសួងព័ត៌មាន។

វេទិកានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាសារព័ត៌មានតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាយុទ្ធសាស្ត្រដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សាមគ្គីភាពសង្គម ភាពធន់របស់ប្រទេសជាតិ សន្តិសុខឌីជីថល ទំនុកចិត្តក្នុងតំបន់ សន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកចូលរួម បានកត់សម្គាល់ឃើញថា ក្នុងយុគសម័យឌីជីថល ព័ត៌មាន មិនពិត និងព័ត៌មានភាន់ច្រឡំអាចរីករាលដាលឆ្លងដែនយ៉ាងឆាប់រហ័ស តាមទម្រង់ភាសា វេទិកា ឌីជីថល និងសហគមន៍ ដែលបង្កការភាន់ច្រលំ ធ្វើឱ្យទំនុកចិត្តលើស្ថាប័នចុះខ្សោយ និងប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស។ 

វេទិកានេះ បានលើកឡើងអំពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់កម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិដ៏សំខាន់ ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ការ ចែករំលែកព័ត៌មានប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងសាធារណៈ។ យុទ្ធនាការនេះ មានគោលបំណងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស សហគមន៍នៅតំបន់ ជនបទ និងជនងាយរងគ្រោះ ដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក។

ក្នុងសុន្ទរកថាបិទរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈ គឺជា មូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ហើយសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម គឺជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីប្រទេសជាតិរបស់យើង តំបន់របស់យើង និងពិភពលោកយើង»៕

Leave a Reply

Your email address will not be published. Required fields are marked *