ថៅកែគ្រឿងចក្រអះអាងថា ទោះមានច្បាប់ត្រឹមខេត្ត ឬខ្លះអះអាងថាមានការអនុញ្ញាតដល់ក្រសួងយ៉ាងណាក៏ ប៉ុន្តែការទិញ–លក់អាចម៍ដី “ព្រែកតាពៅ”ក្រុងបាវិត នៅតែធ្វើឡើងក្នុងតម្លៃ៥០,០០០ដុល្លារ ក្នុង១ហិកតាដដែល..
ខេត្តស្វាយរៀង ៖ ក្រុមថៅកែ និងអ្នករកស៊ីគ្រឿងចក្រ បានលើកឡើងយ៉ាងច្បាស់ថា សកម្មភាពកាយយកអាចម៍ដីលក់ នៅតំបន់ “ព្រែកតាពៅ” ក្នុងក្រុងបាវិត ខេត្តស្វាយរៀង គឺត្រូវបានអនុវត្តក្រោមផ្លាក “គម្រោងជីកស្ដារព្រែក” ប៉ុន្តែជាក់ស្តែង ក្លាយជាអាជីវកម្មទិញ–លក់ដីសាធារណៈរបស់រដ្ឋ ក្នុងតម្លៃខ្ពស់កប់ពពក និងមានលក្ខណៈជាប្រព័ន្ធ។

ប្រភពពីក្រុមអ្នករកស៊ីគ្រឿងចក្រ អះអាងថា មន្ត្រីជំនាញខេត្តស្វាយរៀង បានកំណត់តម្លៃលក់អាចម៍ដីឱ្យពួកគេ ជាកំហិតមិនអាចចរចាបាន គឺប្រវែង ១០០ម៉ែត្រ បណ្ដោយព្រែក តម្លៃ ៥០,០០០ដុល្លារ ដែលគិតស្មើនឹង ១ហិកតា ក្នុងតម្លៃ ៥០,០០០ដុល្លារនេះ។ តម្លៃនេះ ត្រូវបានចាត់ទុកថា ជាថ្នូរនៃការអនុញ្ញាតឱ្យគ្រឿងចក្រ ចូលកាយយកអាចម៍ដីព្រែកតាពៅ ដើម្បីដឹកយកទៅធ្វើអាជីវកម្មលក់តាមបណ្ដាដីឡូត៍នានា ក្នុងភូមិសាស្ត្រក្រុងបាវិត។

ប្រភពដដែលបន្តថា បើមិន “ទិញ” ដីពីខេត្តទេ នោះគ្មានសិទ្ធិដាក់គ្រឿងចក្រ ចូលកាយយកអាចម៍ដីព្រែកតាពៅបានឡើយ ទោះបីជាគម្រោងនេះ ត្រូវបានប្រកាសថា ជាគម្រោងជីកស្ដាររបស់រដ្ឋក៏ដោយ។

គួររំលឹកថា “ដីព្រែកតាពៅ” គឺជាដីសាធារណៈរបស់រដ្ឋ លាតសន្ធឹងពីលិចទៅកើត មានទទឹងចាប់ពី ៨០ម៉ែត្រ ដល់ ២០០ម៉ែត្រ និងមានប្រវែងជាង ៦គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់បាវិត សង្កាត់ប្រាសាទ និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទំហំសរុបមិនក្រោម ៥០ហិកតា។

ជាក់ស្តែង គ្រឿងចក្រធំៗដែលកំពុងជីកកកាយដី”ព្រែកតាពៅ”មានចំនួន៣ក្រុមដូចជា៖
ទី១៖ ក្រុមលោក<រិទ្ធ>កំពុងជីកកកាយត្រង់ចំណុចខាងកើត”វត្តតាពៅ”ដោយផ្អែកថា មានការអនុញ្ញាតពីក្រសួង…!។
២៖ ក្រុមលោក<ចាន់ រតនៈ>ហៅឌឿកកំពុងជីកកកាយនៅខាងកើត.ក្រុមលោក<រិទ្ធ>ដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត..!។
និងទី៣៖ ក្រុមលោក យេ កំពុងជីកកកាយនៅខាងកើតក្រុមលោក<ចាន់ រតនៈ>ហៅ ឌឿកដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត..!។
បច្ចុប្បន្ន គម្រោងជីកស្ដារនេះ ត្រូវបានអះអាងថា អនុវត្តបានប្រមាណ ៧០% រួចទៅហើយ។
យ៉ាងណាមិញ ថៅកែគ្រឿងចក្រ បានបញ្ជាក់ថា នៅពីក្រោយគម្រោងជីកស្ដារនេះ គឺជាយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ ក្នុងការប្រមូលលុយរាប់សែនដុល្លារ ពីការលក់អាចម៍ដីសាធារណៈរបស់រដ្ឋ ដោយមានការហាមឃាត់យ៉ាងតឹងរឹង មិនឱ្យបង្ហាញ ឬនិយាយពីរឿងទិញ–លក់នេះជាសាធារណៈ ដោយចាត់ទុកថា ជា “រឿងសម្ងាត់ផ្ទៃក្នុង”។

ប្រភពពីអ្នករកស៊ីគួកជេរដីម្នាក់ ក៏បានអះអាងស្រដៀងគ្នាថា គ្មានគ្រឿងចក្រណាមួយ អាចយកអាចម៍ដីព្រែកតាពៅ មកធ្វើអាជីវកម្មបានឡើយ បើមិនទិញពីមន្ត្រីជំនាញខេត្ត។ ក្នុងនោះ មានខ្លះកាយដីដឹកលក់ដោយខ្លួនឯង និងខ្លះលក់បន្តឱ្យរថយន្តផ្សេងៗ ដើម្បីស្រង់ដើម និងរកប្រាក់ចំណេញ បន្ទាប់ពីចំណាយប្រាក់រាប់សែនដុល្លារ ក្នុងការទិញសិទ្ធិកាយដី។
ក្នុងសកម្មភាពដ៏មមាញឹក របស់គ្រឿងចក្រថៅកែដី កាប់កាយជីកដឹកយ៉ាំងប្រសេកប្រសាចពេញពាសពេញ ផ្ទៃដីនៃព្រែតាពៅរាប់រយគ្រឿង។ខណៈ អ្នកសារព័ត៌មានយើង បានសុំសួពួកគាត់ នៅតម្លៃទិញលក់ ពួកគ្រឿងចក្របាន
រអះអាងប្រាប់ថា”ចំណែក អាចម៍ដីបើរថយន្តបែន ៥តោន លក់បានចន្លោះពី ២០–២៥ដុល្លារ ក្នុង១ឡាន ឯរថយន្តកង់១០ លក់បាន ៤០–៥០ដុល្លារ ចំណែកឯរថយន្តធុនធំយីឌុប លក់បាន ៥០–៦០ដុល្លារ ក្នុង១ឡាន។ បើពិតដូចក្រុមគ្រឿងចក្រអះអាង គឺបង្ហាញពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ ស្របពេលក្រុងបាវិតកំពុងអភិវឌ្ឍន៍ និងមានតម្រូវការចាក់ដីខ្ពស់ ជាមួយយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ របស់មន្ត្រីខេត្តស្វាយរៀង ដែលលក់អាចម៍ដីព្រែកតាពៅ ប្រមូលលុយបានរាប់សែនដូល្លារ។
ជាក់ស្តែង គេបានឃើញគ្រឿងចក្រធំៗ កំពុងជីកកកាយដីព្រែកតាពៅ ដោយក្រុមខ្លះអះអាងថា មានការអនុញ្ញាតពីក្រសួង ខណៈក្រុមខ្លះទៀត អះអាងថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋានមួយចំនួន បានបដិសេធការទទួលខុសត្រូវ ឬអះអាងថា មិនដឹងពីការទិញ–លក់អាចម៍ដីនោះឡើយ ខណៈមន្ត្រីជំនាញខេត្តខ្លះ មិនអាចទាក់ទងសុំការបកស្រាយបាន និងខ្លះទៀត បញ្ជាក់ត្រឹមតែដឹងពី “គម្រោងជីកស្ដារ” ប៉ុណ្ណោះ។
ទោះជាយ៉ាងណា ពលរដ្ឋក្នុងមូលដ្ឋាន បានស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំជាតិ និងអង្គភាពពាក់ព័ន្ធ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាល មេត្តាចាត់មន្ត្រីជំនាញអព្យាក្រឹត ចុះស្រាវជ្រាវឱ្យបានជាក់លាក់ និងតម្លាភាព ចំពោះភាពមិនប្រក្រតី នៃការយកដីសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្ម ទិញ–លក់ក្នុងតម្លៃខ្ពស់ ដើម្បីទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិជាតិ និងធានាអធិបតេយ្យភាពនៃច្បាប់។

ដើម្បីទទួលបានភាពត្រឹមត្រូវ នឹងច្បាស់លាស់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ «អ្នកសារព័ត៌មាន» បានសុំការបំភ្លឺពីលោក សាញ់ សាខុន ចៅសង្កាត់បាវិត ពាក់ព័ន្ធករណីទិញលក់អាចម៍ដី «ព្រែកតាពៅ» ក្នុងតម្លៃដែលបានលើកឡើងខាងលើ។ លោកបានបញ្ជាក់ថា ខ្លួនមិនបានដឹងអំពីការទិញលក់អាចម៍ដីនោះទេ ដោយលោកដឹងត្រឹមតែមានគម្រោងជីកស្ដារព្រែកប៉ុណ្ណោះ។
រីឯលោក ឯក សារ៉ាត់ ចៅសង្កាត់បាទី បានថ្លែងថា ខ្លួនមិនបានដឹងអំពីការទិញលក់អាចម៍ដីព្រែកខាងលើ និងមិនអាចផ្តល់ការអត្ថាធិប្បាយបានឡើយ។
ចំណែកលោក ខ្លឹង ផែន ចៅសង្កាត់ប្រាសាទ បានបញ្ជាក់ថា ការទិញលក់អាចម៍ដីនោះ ជារឿងផ្ទៃក្នុង និងមិនមានចំណែកណាមួយមកឱ្យរដ្ឋបាលសង្កាត់របស់លោកឡើយ។ លោកក៏បានបន្ថែមថា ពាក់ព័ន្ធនឹងការជីកយកដីពីព្រែកខាងលើ លោកដឹងថាម្ចាស់គ្រឿងចក្រត្រូវចំណាយថវិកា ប៉ុន្តែមិនបានដឹងចំនួនទឹកប្រាក់ជាក់លាក់នោះទេ។

ដោយឡែក លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងប្រាប់ «អ្នកសារព័ត៌មាន» ថា ខ្លួនមិនបានដឹងអំពីរឿងទិញលក់អ្វីទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះឡើយ។
សម្រាប់លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង «អ្នកសារព័ត៌មាន» មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូលហើយ លោកមិនបានទទួល។
ចំណែកលោក ណុប ទូច ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ស្ដីទី បានបញ្ជាក់ថា ខ្លួនដឹងតែអំពីគម្រោងជីកស្ដារប៉ុណ្ណោះ ចំពោះការទិញលក់ និងតម្លៃអាចម៍ដី គឺមិនបានដឹងឡើយ។
បន្ថែមពីនេះ «អ្នកសារព័ត៌មាន» ក៏បានសុំការបំភ្លឺពីលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង ប៉ុន្តែលោកបានតម្រូវឱ្យផ្តល់សំណួរតាមប្រព័ន្ធ Telegram ជំនួសវិញ។ លុះពេល «អ្នកសារព័ត៌មាន» សួរបន្ថែមម្ដងទៀត លោកបានចូលស្ដាប់ទូរស័ព្ទ ប៉ុន្តែមិនបានផ្តល់ការបកស្រាយឡើយ។

ទោះជាយ៉ាងនេះក្ដី ពលរដ្ឋក្នុងមូលដ្ឋាន សូមស្នើសុំដល់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់តាំងមន្ត្រីជំនាញឯករាជ្យ និងអព្យាក្រឹត ចុះពិនិត្យស្រាវជ្រាវលើភាពមិនប្រក្រតី នៃការយកដីសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្ម ទិញលក់ក្នុងតម្លៃខ្ពស់ខ្លាំង ដែលអាចបង្កើតការខាតបង់ផលប្រយោជន៍សាធារណៈ និងតម្រូវឱ្យមានការបកស្រាយច្បាស់លាស់ចំពោះសាធារណមតិ៕

