ចរចាអស់ជាច្រើនឆ្នាំ ទីបំផុតកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន៣រូប មកកាន់មាតុភូមិវិញហើយ!
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្និតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុ បុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្ដារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ី ក្នុងការបញ្ចូនសម្បត្តិវប្បធម៌មកប្រទេស ដើមវិញ ក្រោមគោលការណ៍នៃក្រមសីលធម៌របស់វិទ្យាស្ថានស្មិតសូនីញាន។
