ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

admin By admin June 27, 2026

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន។ ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» គឺជាការឆ្លើយតបយ៉ាងសមស្របទៅនឹងបរិបទជាក់ស្ដែង នាពេលបច្ចុប្បន្ន ដោយផ្តោតលើការភ្ជាប់សហគ្រាសកម្ពុជា ទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

នេះជាលើកទី៥ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះជាការលើកទឹកចិត្តដ៏សំខាន់ និងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស បានចូលរួមបង្ហាញ ព្រមទាំងទទួលបានដំបូន្មានល្អៗ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជាចំណេះដឹងបន្ថែមដល់សហគ្រាសទាំងអស់ ក្នុងការរួមចំណែកបង្កើតការងារជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល៕

Leave a Reply

Your email address will not be published. Required fields are marked *