សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE និងប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិត

admin By admin July 2, 2026

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី Christian និង Marie-France Des Pallières។ ដើម្បីបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា PSE បានចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងទទួលបានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ១៩៩៦មក PSE បានជួយកុមារ និងយុវជនដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន៦ធំៗគឺ៖ ទី១ កម្មវិធីអាហារ, ទី២ កម្មវិធីសុខភាព, ទី៣ កម្មវិធីការពារ និងការស្នាក់នៅ, ទី៤ កម្មវិធីអប់រំចំណេះទូទៅ, ទី៥ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា និងទី៦ កម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ កម្មវីធីទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *