អំណាចមើលមិនឃើញនៅឃុំទន្លេបិទ? ឃ្លាំងកែច្នៃស្លឹកថ្នាំធ្វើបារីរបស់ជនជាតិចិន ដំណើរការដោយគ្មានផ្លាក-គ្មានការត្រួតពិនិត្យ
ខេត្តត្បូងឃ្មុំ ៖ សំណួរជាច្រើនចេញពីមហាជនធ្ងន់ៗកំពុងត្រូវបានបោះចូលមកលើតុសាធារណៈ បន្ទាប់ពីមានការរាយការណ៍ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋថា មាន ទីតាំងសង្ស័យជាឃ្លាំងកែច្នៃស្លឹកថ្នាំធ្វើបារី មួយ កំពុងដំណើរការយ៉ាងស្ងាត់ស្ងៀម នៅក្នុង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបានអះអាងថា គ្រប់គ្រងដោយជនជាតិចិន និងមាន “អ្នកកាង” ជាជនជាតិខ្មែរ នៅពីក្រោយខ្នង។
តាមប្រភពមូលដ្ឋានបានបញ្ជាក់ថា ទីតាំងនេះ មិនមានផ្លាកយីហោ មិនមានស្លាកសញ្ញាសហគ្រាស មិនបង្ហាញអាជ្ញាបណ្ណជាសាធារណៈ ដូចអាជីវកម្មស្របច្បាប់ទូទៅឡើយ ប៉ុន្តែសកម្មភាពខាងក្នុង ត្រូវបានគេរាយការណ៍ថា មានការចូលចេញជាប្រចាំ និងមានលក្ខណៈសម្ងាត់ខ្លាំង មិនឲ្យអ្នកក្រៅចូលទៅជិត ឬសួរនាំព័ត៌មាន។
សំណួរត្រង់ៗ ដែលសាធារណៈចង់បានចម្លើយ តើឃ្លាំងកែច្នៃស្លឹកថ្នាំធ្វើបារីនេះ មានអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នជំនាញដែរឬទេ?
តើសកម្មភាពកែច្នៃ និងដឹកជញ្ជូនស្លឹកថ្នាំធ្វើបារីនេះ បានស្ថិតក្រោមការត្រួតពិនិត្យរបស់គយ ពន្ធដារ និងស្ថាប័នគ្រប់គ្រងថ្នាំជក់ ឬនៅ?
ប្រសិនបើជាអាជីវកម្មស្របច្បាប់ ពិតមែន ហេតុអ្វីបានជា មិនបង្ហាញអត្តសញ្ញាណអាជីវកម្មឲ្យច្បាស់?
ហេតុអ្វីបានជា ទីតាំងនេះ អាចដំណើរការយូរមកហើយ ខណៈដែល មន្ត្រីជំនាញហាក់ដូចជាមិនហ៊ានទៅជិត?
ប្រភពដដែលបានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើការកែច្នៃស្លឹកថ្នាំធ្វើបារីនេះ ជាការពិត និងមិនបានបង់ពន្ធជូនរដ្ឋ នោះវាជា ការរំលោភច្បាប់សេដ្ឋកិច្ច និងពន្ធដារ យ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យ បាក់បែកចំណូលពន្ធជាតិ ជាចំនួនមហាសាល និងប៉ះពាល់ដោយផ្ទាល់ដល់ថវិការដ្ឋ។
មិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ការកែច្នៃផលិតផលថ្នាំជក់ដោយគ្មានស្តង់ដារ និងគ្មានការត្រួតពិនិត្យផ្លូវការ ក៏អាចបង្ក គ្រោះថ្នាក់ដល់សុខភាពសាធារណៈ ដែលជាបញ្ហាធ្ងន់ធ្ងរ មិនអាចមើលរំលងបាន។
គួរឲ្យចាប់អារម្មណ៍ថា ប្រជាពលរដ្ឋមូលដ្ឋាន បាននិយាយដោយសម្លេងស្ទាក់ស្ទើរ ថា ទីតាំងនេះ ហាក់ដូចជា “មានខ្សែ មានខ្នង មានអំណាច” មួយកំពុងការពារ ព្រោះទោះមានការនិយាយដេញដោល និងការសង្ស័យជាសាធារណៈ ក៏សកម្មភាពនៅតែដំណើរការដូចមិនមានអ្វីកើតឡើង។
អំពាវនាវមិនអាចពន្យារពេលបាន
សារព័ត៌មានសូម អំពាវនាវយ៉ាងតឹងរ៉ឹង និងច្បាស់លាស់ ដល់
-អាជ្ញាធរមូលដ្ឋាន
-អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
-អគ្គនាយកដ្ឋានពន្ធដារ
-និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ
មេត្តាចុះ ស៊ើបអង្កេតជាបន្ទាន់ បើកបង្ហាញការពិត និងបំភ្លឺជាសាធារណៈ ថាតើឃ្លាំងកែច្នៃស្លឹកថ្នាំធ្វើបារីខាងលើ ជាអាជីវកម្មស្របច្បាប់ ឬជាអាជីវកម្មក្រោមតុ កំពុងលាក់ខ្លួនក្រោមម្លប់អំណាច។
សារព័ត៌មានសូមបញ្ជាក់ថា ការផ្សាយនេះ មានគោលបំណង សួរការពិត ដេញចម្លើយ និងការពារផលប្រយោជន៍សាធារណៈ មិនមានចេតនាចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយឡើយ ហើយនឹងបន្តតាមដានករណីនេះ ដល់ទីបំផុត ដើម្បីឲ្យសង្គមទទួលបានការឆ្លើយតបច្បាស់លាស់៕