លោក ដូណាល់ ត្រាំ ចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ
ស្វ៊ីស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។

ថ្លែងនៅឯពិធីចុះហត្ថលេខានៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ដូច្នេះថា «អបអរសាទរលោកប្រធានាធិបតី ត្រាំ ធម្មនុញ្ញ (របស់ក្រុមប្រឹក្សាសន្តិភាព) បានចូលជាធរមាន ហើយក្រុមប្រឹក្សាសន្តិភាពឥលូវនេះបានក្លាយជាអង្គការអន្តរជាតិផ្លូវការមួយ»។
សូមជម្រាបថា លោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំរាប់សិបនាក់ដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ហើយក្នុងនោះមានប្រទេសខ្លះបានទទួលយកការអញ្ជើញ ខ្លះបដិសេធ និងខ្លះទៀតមិនទាន់ឆ្លើយតប។ ប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោកត្រាំរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉ែន ប៉ាគីស្ថាន តួកគី ម៉ារ៉ុក កូសូវ៉ូ អាហ្សង់ទីន ប៉ារ៉ាហ្កាយ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌូណេស៊ី និងវៀតណាម។
តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព លោក ដូណាល់ ត្រាំ នឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិភាព ហើយក្រុមប្រឹក្សានេះដែរមានភារកិច្ចលើកកម្ពស់សន្តិភាព និងដោះស្រាយជម្លោះនៅជុំវិញ ពិភពលោក។ តាមធម្មនុញ្ញដដែល រដ្ឋជាសមាជិកនឹងត្រូវបានកំណត់អាណត្តិត្រឹម ៣ឆ្នាំ តែបើចង់បានកៅអីអចិន្ត្រៃយ៍ ត្រូវបង់វិភាគទាន ១ពាន់លានដុល្លារដើម្បីទ្រទ្រង់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្រុមប្រឹក្សាសន្តិភាពដំបូងត្រូវបានបង្កើតឡើងក្នុងការដោះស្រាយសង្រ្គាមនៅហ្កាហ្សាប៉ុណ្ណោះ តែក្រោយមក លោក ត្រាំ បានបញ្ជាក់ថាក្រុមប្រឹក្សានេះនឹងដោះស្រាយជម្លោះសកល ខណៈក្រុមអ្នកជំនាញ និងមន្ត្រីការទូតថាក្រុមប្រឹក្សាសន្តិភាពនេះនឹងក្លាយជាគូប្រជែងរបស់អង្គការសហប្រជាជាតិ៕