ចាប់តាំងពីថៃឈ្លានពានកម្ពុជា ស្ថាប័នពាក់ព័ន្ធបានតវ៉ា តាមរយៈលិខិតគ្រប់ទម្រង់ជិត៧០០លើក

admin By admin January 26, 2026

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ចាប់តាំងពីកម្ពុជា ទទួលរងសង្គ្រាមឈ្លានពាន ពីប្រទេសថៃ មកស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល បានធ្វើការតវ៉ា តាមរយៈលិខិតនានាជិត៧០០លើក ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតចាប់តាំងពីកម្ពុជា ទទួលរងសង្គ្រាមឈ្លានពាន ពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងនិងស្ថាប័ននានា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការងារ អាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យបន្តថា ជាក់ស្តែងក្នុងអំឡុងពេល៦ខែ ចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក ។ ក្នុងនោះមានដូចជា ក្រសួងការពារជាតិ ចំនួន៣៨៣លើក, ក្រសួងមហាផ្ទៃចំនួន ៨៣លើក, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន៦៤លើក, ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកម្ចាត់មីននិង សង្គ្រោះជនពិការដោយសារមីន២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន២០លើក, មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា១៦លើក និងក្រសួងធម្មការនិងសាសនាចំនួន១លើក” ។
ឯកឧត្តមបន្ថែមថា ដោយឡែកអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួល ពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃចំនួនជិត២០០លើក ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឬឆ្លើយតបជាមួយភាគីថៃ និងបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ចំពោះការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ជូនដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍ អន្តរជាតិបានជ្រាប ។ ក្រៅពីនោះ ក្រសួងការបរទេសខ្មែរ ក៏បានធ្វើបទបង្ហាញចំនួន១៤លើក ដល់ប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាព នៃការវិវត្តន៍ស្ថានការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានដឹកនាំអង្គទូតនិងអង្គការអន្តរជាតិ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង តាមបណ្តាខេត្តជាប់ព្រំដែនបាន ៤លើក៕

Leave a Reply

Your email address will not be published. Required fields are marked *