កម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកពញាក្រែក ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់នៅភូមិអន្លង់ប៊ូ ដោយចាប់បានតែខ្យល់ ព្រោះចំថ្ងៃអត់មនុស្សលេង ប៉ុន្តែសមត្ថកិច្ចបានធ្វើការដុតបំផ្លាញសម្ភារៈសង្វៀនជល់មាន់ចោល និងបន្តស្រាវជ្រាវរកម្ចាស់ទីតាំងខាងលើ ដើម្បីចាត់វិធានការតាមច្បាប់
ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធករណីមានការលួចលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងនគរបាលជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះដល់ទីតាំងគឺពុំមានមនុស្សកំពុងលេងនោះទេ ប៉ុន្តែយើងពិនិត្យឃើញថាពិតជាមានការលួចលេងថ្មីៗ កម្លាំងយើងបានធ្វើការដុតបំផ្លាញសម្ភារៈ ដែលក្រុមអ្នកញៀនល្បែងបានរៀបចំជាសង្វៀនប្រជល់មាន់ចោល និងបន្តស្រាវជ្រាវរកម្ចាស់ទីតាំងដីខាងលើ ដើម្បីចាត់វិធានការរដ្ឋបាល ឬ/និងចាត់វិធានការច្បាប់ក្នុងករណីដែលរកឃើញថាបានផ្តល់ទីតាំង ឬចាត់ចែងឲ្យមានល្បែងស៊ីសងខុសច្បាប់។

ជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាបន្ទាន់បន្ថែមឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អធិការដ្ឋាននគរបាលស្រុកពញាក្រែក និងបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ៦ទៀត បង្កើនការស្រាវជ្រាវ និងតាមដាន ដើម្បីធ្វើការបង្ក្រាបការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន។
ករណីមានហេតុការណ៍បន្ទាន់ សូមផ្តល់ព័ត៌មានមកក្រុមប្រចាំបញ្ជា ២៤/២៤ម៉ោង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមរយៈលេខទូរស័ព្ទ 071 4422 666 ។
សូមអរគុណ