មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសន្តិសុខ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងដាក់ចេញនូវផែនការការពារសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយយ៉ាងលម្អិតនូវបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាយ និងនាយរងអាវុធហត្ថទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងភាពស្មោះត្រង់ចំពោះជាតិ។ កម្លាំងអន្តរាគមន៍ត្រូវតែមានវត្តមាន និងត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបនឹងរាល់សភាពការណ៍ដែលកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ក៏បានសង្កត់ធ្ងន់ទៅលើកងកម្លាំង និងផ្តាំផ្ញើដល់មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការទាំងអស់ថា រាល់ភារកិច្ចដែលអង្គភាពប្រគល់ជូន គឺជាកិត្តិយស និងជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់។ យើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីរក្សានូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខសាន្តជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕
