មណ្ឌលគិរីសម្រេចបានសមិទ្ធផលជិត ៩០% នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០២៥) ត្រៀមខ្លួនជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំនៅភាគឦសាន

admin By admin February 2, 2026

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង តាមរយៈការសម្រេចបាននូវលទ្ធផលរហូតដល់ជិត ៩០% នៃផែនការសកម្មភាពសរុប ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ នេះគឺជាលទ្ធផលដែលត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិ នៃផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម (២០២១-២០២៥) ក្រោមវត្តមាន លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និង លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍។


លោក ងិន សុវិមាន អភិបាលរងខេត្តបានលើកឡើងថា យោងតាមរបាយការណ៍បច្ចេកទេស លទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្ម នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលមានសរុបចំនួន ១២១ គម្រោង បានបង្ហាញតួលេខគួរឱ្យកត់សម្គាល់ គម្រោងសម្រេចបាន ១០០% មានចំនួន ១០៨ គម្រោង (ស្មើនឹង ៨៩.២៥%)។គម្រោងកំពុងអនុវត្ត (ចន្លោះ ២០%-៧០%) មានចំនួន ០៨ គម្រោង (ស្មើនឹង ៦.៦១%)។ គម្រោងមិនទាន់បានអនុវត្ត នៅសល់ត្រឹមតែ ០៥ គម្រោង ប៉ុណ្ណោះ (ស្មើនឹង ៤.១៣%)។សមិទ្ធផលដ៏ធំធេងនេះ ត្រូវបានគេមើលឃើញថាជាការបោះជំហានយ៉ាងលឿនរបស់ខេត្តមណ្ឌលគិរី ក្នុងការប្រែក្លាយខ្លួនឱ្យស្របតាមយុទ្ធសាស្ត្រទាំង ០៨ សូចនាករដែលបានកំណត់។


លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មិនមែនត្រឹមតែជាការទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ក្បាលម៉ាស៊ីន” បង្កើតតម្លៃបន្ថែមក្នុងវិស័យសេដ្ឋកិច្ចខេត្ត និងតំបន់ភាគឦសានទាំងមូល។ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិ ២០២១-២០៣៥ និងបណ្តាឆ្នាំខាងមុខ។”


លោកអភិបាលរងក៏បានបន្ថែមថា បច្ចុប្បន្នខេត្តមណ្ឌលគិរីកំពុងស្ថិតក្នុង “ដំណាក់កាលកំណើន” នៃវដ្តជីវិតអភិវឌ្ឍន៍ ដែលជាកាលានុវត្តភាពមាសសម្រាប់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស។តាមរយៈលទ្ធផលជិត ៩០% នេះ ខេត្តមណ្ឌលគិរីបាននិងកំពុងបង្ហាញពិភពលោកថា ខ្លួនមិនត្រឹមតែជាទឹកដីនៃធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទឹកដីដែលមានការរៀបចំផែនការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *