គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជា ជាងមួយសែននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ មិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ។

ការសម្តែងក្តីបារម្ភរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីបែបនេះ ក្នុងជំនួបជាមួយ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដែលផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យសិទ្ធិមនុស្ស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសបារាំង ក្នុងការគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី “ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា”។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងកិច្ចសហការជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) ក្នុងការរៀបចំវេទិកាស្តីពីការលើកកម្ពស់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធរវាងកម្ពុជា និងអូស្រ្តាលី ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគួរឱ្យគាត់សម្គាល់ រួមទាំងក្នុងវិស័យសិទ្ធិមនុស្ស ជាពិសេសសមភាពយេនឌ័រ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសង្ខេបពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ដែលមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ៕