បក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នាដើមខែកុម្ភៈនេះ

admin By admin February 3, 2026

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣ រវាងគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា កិច្ចប្រជុំទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

 គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងបីនេះ ត្រូវបានរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងដំណើរបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវនៅកម្ពុជា នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

កិច្ចប្រជុំកំពូលទាំងបីនោះរួមមាន ៖ កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោកតូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ។

កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ លោក ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងកិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយប្រធានគណបក្ស/អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួម ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្ស មួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *