កម្លាំងចម្រុះឆ្មក់បង្ក្រាប សិប្បកម្មកែច្នៃឈើគ្មានច្បាប់ ដកហូតវត្ថុតាង និងឧបករណ៍ប្រើប្រាស់ជាច្រើន

admin By admin February 5, 2026

ខេត្តស្ទឹងត្រែង ៖នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឆ្មក់បង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ លួចកែឆ្នៃគ្មានលិខិតអនុញ្ញាតមួយកន្លែង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមពី កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានសហការជាមួយ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលរមាស ស្ថិតនៅចំណុចនិយាមការ (663681-1478636) ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន។

សមត្ថកិច្ចបានឲ្យដឹងថា: នៅពេលកម្លាំងចុះទៅដល់ ម្ចាស់សិប្បកម្មមិនមានវត្តមាននៅទីនោះឡើយ។
ម្ចាស់ត្រូវបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុកតែវត្ថុតាង និងឧបករណ៍សម្រាប់កែច្នៃឈើជាច្រើន នៅនឹងកន្លែង។

វត្ថុតាងរួមមាន: ដូចជាឈើអារប្រភេទលេខ១ (ផ្ចឹក ឈ្លីក) ចំនួន ១៧៧ ដុំ/សន្លឹក និងគ្រាក់ឈ្លីកប្រវែង ១ ម៉ែត្រ ចំនួន ៣៥ ដុំ តុឈូសឈើ ចំនួន០១, ម៉ាស៊ីនភ្លើង ចំនួន០១ គ្រឿង, ម៉ូទ័រឈូសចំនួន ០២ គ្រឿង, ម៉ូទ័រកាត់ចំនួន ០១ គ្រឿង និងម៉ូទ័រខាត់ចំនួន ០៣ គ្រឿង។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចក៏បានរឹបអូសឈើ រួមនឹងសម្ភារ:មួយចំនួន ដែលបម្រើឲ្យ បទល្មើសទាំងនោះ មកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីបន្តនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *