ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២

admin By admin April 11, 2026

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។

ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ​ក្រុម​​ហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។

គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់​គ្រង​ធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិ​សាស្ត្រ​តភ្ជាប់​ផ្លូវ​ទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់​សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីថ្ងៃប្រកាសបើកជាផ្លូវការជាងមួយឆ្នាំមក គម្រោងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់​ទៅ​​តាម​ផែនការនៃគម្រោងរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅដំណាក់កាល​ទី​២ ដែលជាដំណាក់កាលដ៏សំខាន់នៃគម្រោង។

ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង​ ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់​ព្រែក​ពោធិ៍នៃទន្លេបាសាក់ បាន​ប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ​បច្ចុប្បន្ន​​​ផ្លូវទឹក​កំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗ​ដូច​ជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះ​បង្គោល​​ព្រំដីចំនួន១៥៥ ដោយទទួលបាន​ការឯកភាពរួចរាល់ពីសម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់​ ក្នុង​នោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោង​ចំណាយ​ថវិកាដោះស្រាយ​ប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។

ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង​សរុប ១៥១,៦​គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុក​កោះ​ធំ និងបន្តរហូតដល់​សមុទ្រខេត្តកែប ឆ្លង​កាត់ភូមិ​សាស្រ្ត ​​​​​​ខេត្ត​ចំនួន៤ រួមមាន ខេត្ត​កណ្តាល ប្រវែង ៣៣គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៥៣គីឡូម៉ែត្រ ខេត្តកំពត ប្រវែង ៤៨,៧គីឡូម៉ែត្រ និងខេត្តកែប ប្រវែង១៦,៩គីឡូម៉ែត្រ។ គម្រោងនេះ​មានជម្រៅទឹក​ប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ​នៃកម្រិត​កម្ពស់​ទឹក​ដែលទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់​ទន្លេ​មេ​គង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោង​​អប្បបរមា ៥៨០ម៉ែត្រ និងមាន​គន្លង​នាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទ​នាវាមានទម្ងន់ផ្ទុក​រហូត​ដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងត្រូវសាងសង់នៅលើ​តម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់ ប្រវែង ៣៨,៦គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ១១៣គីឡូម៉ែត្រ ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យ​កោង​ខ្លាំងប្រវែង ៥,៥គីឡូម៉ែត្រ និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែល​ស្ថិតនៅខេត្តតាកែវ និង​ខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព​ក្នុងការទប់ស្កាត់​ការជ្រៀត​ចូលនៃទឹក​ប្រៃ​ទៅ​ក្នុងបណ្តាញផ្លូវទឹកសាបប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រម​ទាំងការសាងសង់ស្ពានចំនួន ៦​កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង​ ការបំពាក់​សញ្ញា​ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។

គម្រោងនេះគ្រោងនឹងបញ្ចប់​នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគ​ប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុម​ហ៊ុន​​ក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១ភាគរយ និងក្រុមហ៊ុនវិនិយោគ​របស់​ប្រទេសចិន ចំនួន ៤៩ភាគរយ៕

Leave a Reply

Your email address will not be published. Required fields are marked *