ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦ពាន់លានដុល្លារ កើនឡើង១៩% ក្នុងខែដំបូងឆ្នាំនេះ

admin By admin February 10, 2026

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦ពាន់លានដុល្លារ កើនឡើង១៩.១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ៥ពាន់លានដុល្លារ។

របាយការណ៍បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ២,៩១៩លានដុល្លារ កើនឡើង២៦.៦%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៣,១០៤លានដុល្លារ កើនឡើង១២.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១,៩០៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១៦៤លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ១,៧៤០លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ១,៣២១លានដុល្លារ កើនឡើង៤៨% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១,២៨២លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង៣៨លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *