ក្រសួងទេសចរណ៍កម្ពុជា-គុយបា ឯកភាពគ្នាចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា អមដំណើរដោយលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុងឱកាសបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកអនុរដ្ឋមន្ត្រីទេសចរណ៍ នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថាទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពី ចំណាប់អារម្មណ៍លើការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសកម្ពុជា ក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃ កន្លងមក និងសូមថ្លែងអំណរគុណ ដល់ក្រសួងទេសចរណ៍ដែលបានជួយសម្របសម្រួល ឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

លោកអនុរដ្ឋមន្រ្តី បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ។

លោកបន្តថា ការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ គឺដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕