អភិបាលខេត្តរតនគិរី អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលស្រុកតាវែងថ្មី, ជំរុញការបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតម្លាភាព
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកតាវែង ដែលប្រារព្ធធ្វើឡើងក្នុងបរិយាកាសស្មើភាព និងគោរពតាមនីតិវិធីច្បាប់។

យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូប ក្នុងខេត្តរតនគិរី ដូចតទៅ៖
១- លោក ហេង សាវឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលស្រុកវើនសៃ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកតាវែង។
២- លោក សូ វណ្ណធិន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលស្រុកតាវែង ទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកវើនសៃ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការតែងតាំង និងផ្ទេរភារកិច្ចនេះ គឺអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីច្បាប់ដែលបានកំណត់ សម្រាប់អាណត្តិរបស់គណៈអភិបាលក្រុង ស្រុក ដោយផ្អែកលើតម្រូវការងារ និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី។

ឯកឧត្តមបានផ្ដាំផ្ញើដល់អភិបាលស្រុកតាវែងថ្មី ឲ្យបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ពង្រឹងកិច្ចសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យមានភាពសាមគ្គី និងប្រសិទ្ធភាព។ ជាពិសេស ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

បន្ថែមពីនេះ ឯកឧត្តមក៏បានណែនាំឲ្យថ្នាក់ដឹកនាំស្រុក ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដោយយកការបម្រើប្រជាពលរដ្ឋជាគោលដៅស្នូលក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន។

ពិធីនេះបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព និងការគាំទ្រពីមន្ត្រីរាជការ អាជ្ញាធរ និងភាគីពាក់ព័ន្ធ៕

