កម្ពុជា បន្តតវ៉ាជំទាស់សកម្មភាពខុសច្បាប់ របស់កម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន និងភូមិជោគជ័យ

admin By admin February 12, 2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹង​សកម្ម​ភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់​លើ​ដីកម្ពុជានៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការ​បរទេសកម្ពុជា បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មាន​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃ​វាយ​កម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិត​នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ បានជីកប្រឡាយ និងសាងសង់​ផ្លូវ​មួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ​ ហើយជា​ការ​ប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់​ចំពោះការកាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​ទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ​កម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរ​បន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា​-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋា​ភិបាល​កម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ​ការដោះស្រាយជម្លោះព្រំដែន​ទាំង​អស់​ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិត​ខាង​ទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *