អាជ្ញាធរសង្កាត់ស្ពានមានជ័យ គាំទ្រយ៉ាងពេញទំហឹងដល់កសិករដាំបន្លែធម្មជាតិ ពង្រឹងកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ចៅសង្កាត់ស្ពានមានជ័យ បានសម្តែងនូវការសាទរ និងសន្យាផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋដែល ប្រកបរបរកសិកម្មដាំដុះបន្លែធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរក្សានិរន្តរភាពកេរ្តិ៍ឈ្មោះ បន្លែសុវត្ថិភាពមណ្ឌលគិរី ខណៈកសិករកំពុងប្រមូលផលការ៉ុត ឆៃថាវ និងមើមយ៉េន។

លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យបានឲ្យដឹងថា លោកមានក្តីសប្បាយចិត្តយ៉ាងខ្លាំងនៅពេលឃើញបងប្អូនប្រជាពលរដ្ឋ មកបង្កើតមុខរបរ និងដាំដុះបន្លែគ្រប់មុខ ជាពិសេសដូចជាការដាំការ៉ុត និងបន្លែផ្សេងៗទៀត។ ដែលមានវត្តមានរបស់កសិករទាំងនេះ មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសក្តានុពលកសិកម្មក្នុងតំបន់ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកបានបន្តថា ខេត្តមណ្ឌលគិរីយើង គឺជាទីតាំងមួយដែលផលិតបន្លែធម្មជាតិ ហើយជាក់ស្តែងបងប្អូនដែលផលិតនៅទីនោះ គឺគាត់ផលិតតែបន្លែធម្មជាតិពិតប្រាកដមែន។ ហើយរដ្ឋបាលសង្កាត់ត្រៀមខ្លួនជានិច្ចក្នុងការទទួលយក និងជួយដោះស្រាយរាល់ការខ្វះខាត ឬសំណូមពរផ្សេងៗរបស់កសិករគ្រប់ពេលវេលា។
បច្ចុប្បន្នមានមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះជាប់ជាមួយកសិករនៅតាមបណ្តាភូមិ ដើម្បីផ្តល់មតិយោបល់ និងបច្ចេកទេសដាំដុះឱ្យត្រូវតាមស្ដង់ដារ។
ជាក់ស្តែងនៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំការបន្លែរបស់កសិករលោក ភិន ផន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កំពុងប្រមូលផល បញ្ជូនទៅលក់នៅផ្សារទំនើបនារាជធានីភ្នំពេញ តាមការបញ្ជាទិញពីក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ក្នុងការរក្សាគុណភាពនិងតម្លៃ។

លោក ភិន ផន បានឲ្យដឹងថា គាត់គឺជា សមាជិកក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យម្នាក់ដែរ ដូច្នេះសហគមន៍អាចផ្គត់ផ្គង់បន្លែជាច្រើន ប្រភេទទៅកាន់អ្នកបញ្ជាទិញបានគ្រប់គ្រាន់តាមតម្រូវការ។
ចំការបន្លែរបស់សមាជិកក្នុងសហគមន៏ មានទៅតាមរដូវកាលដូចជា ស្ពៃក្តោប ស្ពៃបូកគោ ស្ពៃក្រញ៉ាញ់ មើមយ៉េន ផ្កាខាត់ណា ការ៉ុត ឆៃថាវ ដំឡូងបារាំង ម្ទេស ជាដើម។
ហើយការលក់ទៅកាន់ក្រុមហ៊ុនដែលមានកិច្ចសន្យាទទួលទិញពីកសិករ គឺបានជួយទប់តម្លៃមិនឲ្យធ្លាក់ចុះខ្លាំង នៅពេលបន្លែសម្បូរហូហៀ ដែលអាចធ្វើឲ្យពួកគាត់ទទួលបានកម្រៃចំណេញគួរសម។
លោក ភិន ផន បានអំពាវនាវដល់បងប្អូនទាំងអស់ សូមជួយបន្តគាំទ្រកសិផល ដែលដាំដុះដោយកសិករខ្មែរយើង ដ្បិតបន្លែនាំចូលមានច្រើនពិតមែន តែបើបងប្អូនជួយគាំទ្រទិញបន្លែខ្មែរ គឺកសិករនៅតែអាចផលិតបន្លែសុវត្ថិភាពលក់ដោយរីករាយ និងមានប្រាក់ចំណូលខ្ពស់ផងដែរ ៕