ក្រសួងអភិវឌ្ឍន៍ជនបទផ្សព្វផ្សាយ«គោលនយោបាយជាតិ ២០២៥-២០៣៥» នៅខេត្តរតនគិរី ដោយប្តេជ្ញាប្រែក្លាយជីវភាពពលរដ្ឋជនបទឱ្យកាន់តែសម្បូរសប្បាយ និងមានចីរភាព
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីដោយមានការចូលរួមពីជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ដែលបង្ហាញពីសាមគ្គីភាពក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា គោលនយោបាយជាតិរយៈពេល ១០ឆ្នាំនេះ មិនត្រឹមតែជាការអភិវឌ្ឍរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធអេកូឡូស៊ីរស់នៅដ៏រឹងមាំសម្រាប់ពលរដ្ឋជនបទ ដោយផ្តោតលើគោលដៅអាទិភាពចំនួន ៤៖ ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា៖ ការតភ្ជាប់ផ្លូវជនបទឱ្យក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏រឹងមាំ។ សុខភាព និងអាយុសង្ឃឹមរស់៖ ធានាឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល និងអាហារូបត្ថម្ភល្អ។ សន្តិសុខ និងបរិស្ថានស្អាត៖ បង្កើតភូមិឋានដែលមានសុវត្ថិភាព គ្មានការភ័យខ្លាច និងមានបរិស្ថានបៃតង។ កំណើនប្រាក់ចំណូលចីរភាព៖ បង្កើនឱកាសការងារ និងមុខរបរនៅនឹងកន្លែង ដើម្បីកាត់បន្ថយការចំណាកស្រុក។ការផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។គោលនយោបាយថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ គោលដៅចម្បងគឺការកាត់បន្ថយអត្រាភាពក្រីក្រឱ្យចុះមកក្រោម១០% និងការរៀបចំគ្រឹះដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។«យើងមិនទុកចោលតំបន់ណាមួយឡើយ មិនថាជាតំបន់ទំនាប បឹងទន្លេសាប ឆ្នេរសមុទ្រ ឬខ្ពង់រាប ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន នឹងត្រូវប្រែក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍពិតប្រាកដ»។

ជាមួយគ្នានោះ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយនេះគឺជា «ទំព័រថ្មី» សម្រាប់ខេត្ត។ ឯកឧត្តមសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងសហការជាមួយគ្រប់ស្ថាប័ន ដើម្បីធានាថាការអភិវឌ្ឍនឹងទៅដល់ដៃពលរដ្ឋគ្រប់រូប ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ហើយដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលរដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍ នានា នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យខេត្តទាំងមូលមានសោភ័ណ្ឌភាព។ ក្នុងនោះផងដែរមកដល់ថ្ងៃនេះក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូ បានជួយប្រជាពលរដ្ឋក្នុងខេត្តរតនគិរីលើកកម្ពស់នូវការរស់នៅដោយមានទឹកស្អាត អប់រំណែនាំប្រជាពលរដ្ឋ២ឱ្យរក្សាអនាម័យ និងជាមោទនភាពដែលខេត្តរតនគិរីយើងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលផងដែរ។

សូមមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ គឺជាក្តីសង្ឃឹមថ្មីសម្រាប់កសាងអនាគតជនបទកម្ពុជា ដែលមិនត្រឹមតែមានផ្លូវ មានទឹក មានភ្លើងប៉ុណ្ណោះទេ ប៉ុន្តែគឺជាសហគមន៍ដែលពោរពេញដោយស្នាមញញឹម និងភាពចម្រុងចម្រើនប្រកបដោយចីរភាព៕


