តារាសម្តែងហូលីវូដ Angelina Jolie លក់ផ្ទះនៅ LA ក្នុងសហរដ្ឋអាមេរិក ហើយរៀបចំជីវិតថ្មី នៅប្រទេសកម្ពុជា

admin By admin January 8, 2026

បរទេស៖ យោងតាមសារព័ត៌មានបរទេសនានា តារា​សម្ដែង​ហូលីវូដ លោកស្រី Angelina Jolie បានដាក់​លក់​ផ្ទះ​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយ​កំពុង​រៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ​ដែលរួមមានប្រទេស​កម្ពុជា ជា​ទីដែល​លោកស្រីមាន​​សញ្ជាតិខ្មែរស្រាប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN ។

ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ បានលក់ផ្ទះដ៏ស្កឹមស្កៃ Cecil B. DeMille តម្លៃ ២៥លានដុល្លារ ដែលលោកស្រីបានរស់នៅតាំងតែពីឆ្នាំ ២០១៦ ហើយក៏បានរកអ្នកទិញដោយស្ងាត់ៗផងដែរ។

សារព័ត៌មានកម្សាន្តអាមេរិក People បានដកស្រង់ប្រភពមួយដោយបញ្ជាក់ថា «លោកស្រី កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នាឆ្នាំថ្មីនេះ»។ ប្រភពដដែលបានបន្ថែមថា លោកស្រី Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយមករស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។

បើតាម Page Six លោកស្រី នឹងបើកហាងលក់សម្លៀកបំពាក់យីហោស្រីផ្ទាល់ខ្លួន គឺ Atelier Jolie នៅក្នុងទីក្រុងញូវយ៉ក នាឆ្នាំនេះ ហើយនឹងបែងចែកពេលវេលារស់នៅរវាងអឺរ៉ុប និងកម្ពុជា ជាប្រទេសដែលនាងបានចាត់ទុកជាផ្ទះទីពីរ។

សូមជម្រាបថា ដើម្បីទទួលស្គាល់ស្នាដៃអភិរក្សរបស់លោកស្រី Angelina Jolie ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជប្រទានសញ្ជាតិកម្ពុជាដល់លោកស្រី កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៥៕

Leave a Reply

Your email address will not be published. Required fields are marked *