អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងត្រៀមរៀបចំ “សង្ក្រាន្តសែនមនោរម្យ” និងដង្ហែរក្បួនព្យុះហយាត្រា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងរំលឹកគុណវីរកងទ័ពជួរមុខ
ខេត្តមណ្ឌលគិរី ៖ ដើម្បីធានាឱ្យបាននូវសោភ័ណភាព សណ្តាប់ធ្នាប់ និងភាពអធិកអធមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំពិធី “សង្ក្រាន្តសែនមនោរម្យ” និងការដង្ហែក្បួនព្យុះហយាត្រាដ៏ធំមួយក្នុងក្រុងសែនមនោរម្យ។ យុទ្ធនាការចុះពិនិត្យទីតាំងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំឱ្យមានការដង្ហែក្បួនព្យុះហយាត្រា ក្រោមបរិបទនៃការគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហាន ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី របស់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ នៅតាមខ្សែបន្ទាត់ព្រំដែន។
ក្នុងឱកាសចុះពិនិត្យទីតាំងនោះ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍សង្កត់ធ្ងន់ និងណែនាំដល់គណៈកម្មការរៀបចំបុណ្យជាតិខេត្ត ក៏ដូចជាអាជ្ញាធរក្រុងសែនមនោរម្យ នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការតុបតែងលម្អភ្លើងពណ៌តាមដងផ្លូវ សួនច្បារ និងទីតាំងប្រារព្ធពិធីសង្ក្រាន្តឱ្យបានស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំចំណតយានយន្ត និងលំហូរចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងការកកស្ទះក្នុងអំឡុងពេលក្បួនព្យុហយាត្រាឆ្លងកាត់។ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបង្កើនការយាមកាម និងល្បាតជាប្រចាំ នៅតាមទីតាំងកម្សាន្តនានា និងតំបន់រមណីយដ្ឋាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបាន ១០០ភាគរយ ទាំងយប់ទាំងថ្ងៃ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ មិនត្រឹមតែជាការសប្បាយរីករាយតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធជួរមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំ ដើម្បីឱ្យយើងទាំងអស់គ្នាមានឱកាសរៀបចំសង្ក្រាន្ត និងរាំលេងកម្សាន្តក្នុងសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន និងត្រូវប្រកបរបរទទួលទានដោយសុចរិតភាព មិនត្រូវដំឡើងថ្លៃទំនិញ ឬសេវាកម្មផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមផែនការដែលបានកំណត់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ពិធី “សង្ក្រាន្តសែនមនោរម្យ” នឹងមានសកម្មភាពសម្បូរបែប ដូចជាការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ផ្តល់កាហ្វេឥតគិតថ្លៃ ៣ ០០០កែវ ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ (បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង…) ការរាំលេងកម្សាន្តតាមបែបប្រពៃណី និងការសម្តែងសិល្បៈវប្បធម៌ចម្រុះពណ៌៕