សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរ បានចូលរួមថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសួនសាធារណៈ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានផ្តល់សហការ និង ចូលរួមថែរក្សាសន្តិសុខ និងបង្កលក្ខណៈយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសួនសាធារណៈ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

សួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានដាក់ឱ្យចូលលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ អមជាមួយនឹង ការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាស ដល់បងប្អូនមហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់ អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើន ដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ កែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្ម របស់ខ្លួន បានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួន សាធារណ:សម្រាប់មហាជន ចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែ សាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលបានរៀបចំសហការ និងបើកដំណើរការជូនដល់បងប្អូនប្រជាជនខ្មែរចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល០៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ ១៧០,០០០ នាក់។

ព្រមជាមួយគ្នានេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ៕




