ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសអំពីស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

admin By admin April 20, 2026

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប ស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

ទន្ទឹមនេះដែរ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្ដនៅក្នុងមន្ទីរពេទ្យប៉េកាំង ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្ដេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ។

Leave a Reply

Your email address will not be published. Required fields are marked *