សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ

admin By admin April 20, 2026

ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុស​ពីរ​នាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកថា ​ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយ​ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក​រុ​ណា​​ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យ​កំពុង​តាមដាន​ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។

សម្តេចតេជោ បានបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ​សូម​អរព្រះគុណ និងអរគុណ ចំពោះ​ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ​ព្រះពរចំពោព្រះអង្គ។

សម្តេចតេជោ ក៏បានឆ្លៀតយកឱកាសនេះ អរគុណប្រធាធិបតីចិន លោក សុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សម្តេចតេជោ ក៏សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។

សម្តេចតេជោ បានឱ្យដឹងផងដែរថា សម្តេចតេជោ និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានទៅដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមាន​គោល​​ដៅ​តែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ
ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

សម្តេចតេជោ បញ្ជាក់ថា ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *