រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២

admin By admin May 20, 2026

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង សម្បត្តិ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ លោក បួ ឆៃយ៉ា តំណាងអង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២។

វេទិកានេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ក្នុងភូមិសាស្ត្រឃុំក្រែក និងឃុំត្រពាំងផ្លុង យ៉ាងច្រើនកុះករ រួមទាំងតំណាងអតីតយុទ្ធជន ចំនួន ៨៧គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំនឹងទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងមួយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ គម្រោងនេះមានឈ្មោះជាផ្លូវការថា «គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា» (Cambodia – Cross Border Enhancement Project – 3CEP) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្រាប់ភូមិសាស្ត្រឃុំត្រពាំងផ្លុង នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានអនុគម្រោងធំៗចំនួន ២ នឹងត្រូវលេចរូបរាងឡើង រួមមាន៖ (១). ការកែលម្អនិងពង្រីកផ្លូវជាតិលេខ៧២ ដែលមានប្រវែង ១៤ គីឡូម៉ែត្រ និង (២). ការកែលម្អនិងសាងសង់ច្រកទ្វារព្រំដែន ចំនួន១ទីតាំង ដែលរួមមាន៖ ការសាងសង់កន្លែងចតរថយន្តធំទូលាយ ទីតាំងផ្ទុកទំនិញឱ្យបានត្រឹមត្រូវ តំបន់ត្រួតពិនិត្យទំនិញនាំចេញនិងនាំចូល អគារត្រួតពិនិត្យឯកសារ អគារអន្តោប្រវេសន៍ អគាររដ្ឋបាល លំនៅដ្ឋានសម្រាប់មន្ត្រី កន្លែងអនាម័យនិងទីតាំងសម្រាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ ដូចជាផ្សារ ទំនើប និងហាងកាហ្វេជាដើម។

លោក បួ ឆៃយ៉ា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់បន្ថែមថា គម្រោង 3CEP នេះ មានគោលបំណងចម្បងក្នុងការបង្កើនទំហំពាណិជ្ជកម្មក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម (Logistics) រវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ គម្រោង 3CEP នេះមានវិសាលភាពគ្របដណ្តប់លើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (CBFs) ក្នុងខេត្តគោលដៅចំនួនបួន រួមមាន៖ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ), ច្រកទ្វារអន្តរជាតិភ្នំដិន (ខេត្តតាកែវ), ច្រកទ្វារអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ (ខេត្តរតនគីរី) និងការកែលម្អ និង ពង្រីកផ្លូវជាតិចំនួន បួនខ្សែ ក្នុងខេត្តទាំងបួនខាងលើដែលមានប្រវែងសរុបប្រហែល ១៦០គីឡូម៉ែត្រ។

ក្នុងពេលនោះដែរ ក៏មានសំណួរជាច្រើនដែលប្រជាពលរដ្ឋបានចោទសួរ ទាក់ទងទៅនឹងផលប៉ះពាល់ពីការអនុវត្តគម្រោងនេះ និងសំណងលើការខូចខាត ឬលើការផ្លាស់ប្តូរទីលំនៅ ទីប្រឹក្សាគម្រោង បានជម្រាបជូនប្រជាពលរដ្ឋថា ក្នុងករណីមានការខូចខាត ឬមានការផ្លាស់ប្តូរទីលំនៅ គម្រោងនឹងមានយន្តការដោះស្រាយបញ្ហាទាំងនេះ ដោយយុត្តិធម៌ និងតម្លាភាព ដែលពួកគាត់អាចទទួលយកបានមុនពេលចាប់ផ្តើមការសាងសង់។

មុននឹងបញ្ចប់ ឯកឧត្តម ប៉េង សម្បតិ្ត បានគូសបញ្ជាក់ថា គម្រោង 3CEP មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងបង្កើតឱកាសការងារយ៉ាងច្រើន ដល់សហគមន៍មូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញ និងស្នើឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធជាមួយអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ ដើម្បីដោះស្រាយផលប៉ះពាល់នានា ឱ្យបានរលូននិងស្របតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ដែរថា ការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ និងគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៩ ដោយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ២.៥ ឆ្នាំ។ សមិទ្ធផលថ្មីនេះ គឺជាជំហានវិវឌ្ឍន៍ដ៏សំខាន់មួយទៀតរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មខ្លួនទៅក្នុងអនុតំបន់ទន្លេមេគង្គ (GMS) និងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចដ៏រស់រវើក និងប្រកបដោយចីរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *