លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់សហការ ជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ
ខេត្តរតនគិរី ៖ កិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត ខាងលើនេះរៀបចំធ្វើឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងែទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំ៩ មេឃុំ ចៅសង្កាត់ទាំង៥០ និងម្ចាស់អាជីវកម្មខ្សាច់ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ា វិចិត្រ បានសំដែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាននៃ
គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ដែលបានរៀបចំឡើងនូវកម្មវិធីផ្សព្វផ្សាយដើម្បី លើកកម្ពស់ការយល់ ដឹងស្តីពីបទ
ដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការ ទទួលខុសត្រូវនៅខេត្តរតនគិរីនាពេលនេះ ។ ឯកឧត្តម បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធាន ខ្សាច់ត្រូវបាន បង្កើតឡើងដោយអនុក្រឹត្យ២០៣អនក្រ.បក របស់រាជរដ្ឋាភិបាលមានតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងមានរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន ក្នុងនោះ អភិបាល នៃគណៈ អភិបាលរាជធានី-ខេត្តក៏ជា សមាជិកក្នុងគណៈកម្មាធិការនេះផងដែរ។
គណៈកម្មាធិការគ្រប់គ្រងធនធាន ខ្សាច់មានភារកិច្ច ត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្ម ធនធានខ្សាច់ ពាក់
ព័ន្ធ នឹងធនធានទឹក និងបច្ចេកទេសបូម ខ្សាច់ស្របតាម បទដ្ឋានបច្ចេកទេសជលវិទ្យានិងជលគតិ។ ផ្តល់អនុសាសន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដល់ ក្រសួងរ៉ែ និងថាមពល ដើម្បីចាត់វិធានការជាបន្ទាន់ ក្នុងករណីមានភាពអានាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស ធ្វើបាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា កិច្ចប្រជុំនេះគឺដើម្បីពង្រឹងការយល់ដឹង និងផ្តោតសំខាន់ៗលើទិដ្ឋភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងជូនដល់បណ្តាស្ថាប័ន អង្គភាព ពាក់ព័ន្ធ ជាពិសេស គឺរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពង់បំពេញការងារ នឹងការគ្រប់គ្រងធនធានខ្សាច់។ទន្ទឹមនឹងនេះ ដើម្បីឲ្យមានគោលដៅពង្រឹងកិច្ចសហការ និងជំរុញឱ្យបណ្តាក្រុមហ៊ុនសហគ្រាស ដែលប្រកបអាជីវកម្មខ្សាច់ ចូលរួម សហការគ្នា និងបង្កើនការទទួលខុសត្រូវខ្ពស់ ព្រមទាំងធានាឱ្យបាននូវនិរន្តរភាព តាមរយៈការអនុវត្តអាជីវកម្មខ្សាច់ឱ្យបាន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ច្បាប់អនុញ្ញាត និងរួមគ្នា កាត់បន្ថយសកម្មភាពអាជីវកម្មខ្សាច់អនាធិបតេយ្យ ឱ្យមកនៅ កម្រិតអប្បបរមាផងដែរ។

ឯកឧត្តម អនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ខ្សាច់គឺជាធនធានធម្មជាតិដ៏សំខាន់សម្រាប់វិស័យ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង ស្រុកនិមួយៗ។ ទោះយ៉ាងណា ការធ្វើអាជីវកម្មខ្សាច់ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការបាក់ស្រុតច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះការរៀបចំយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋាន បច្ចេកទេសម៉ឺងម៉ាត់ ជាកត្តាចាំបាច់បំផុត ក្នុងន័យនេះយន្តការគ្រប់គ្រងគួរតែផ្ដោតទៅលើចំណុចសំខាន់ៗ ដើម្បីឲ្យមានការផ្ដល់អាជ្ញាប័ណ្ណដោយតម្លាភាព និងមានការត្រួតពិនិត្យ វាយតម្លៃ ក្នុងការអនុវត្តបទដ្ឋានបច្ចេកទេស ក៏ដូចជាការចូលរួមពីសហគមន៍និងសាធារណជន ពង្រឹងការអនុវត្តច្បាប់ ៕



