សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ
ភ្នំពេញ៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។
ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និងបានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។
ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នីមួយៗមានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំងផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយាល័យធ្វើការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។
អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មានទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹងតម្រូវការអាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។
ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាតសន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។
អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយ សរុបចំនួន ៥ជាន់ ជាមួយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុងការស្វែងរកចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅពេលយានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពីចំនួនចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌ក្រហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។
ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជាការបើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដាររបស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផលនេះ នឹងចូលរួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈក្នុងយុគសម័យបច្ចេកវិទ្យា៕