អ្នកនាំពាក្យសម្តេចតេជោ៖ ការលើកលែងទោសលោក កឹម សុខា ជាគុណធម៌នយោបាយ និងជាស្មារតីផ្សះផ្សារជាតិ
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ លើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក កឹម សុខា។
លោក ជា ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខាលើកលែងទោស លើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា។
អ្នកនាំពាក្យរូបនេះ បន្តថា ការលើកលែងទោសចំពោះលោក កឹម សុខា នេះ បានកើតឡើងនៅក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកឋិតនៅក្នុងភាពចាស់ជរា ជំងឺក្នុងដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសនៅក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការលើកលែងទោសនេះទៀតសោត វាក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃពង្រឹងនៃការសាមគ្គីជាតិ នៅការផ្សះផ្សាជាតិ ដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌ចំពោះអ្នកជំនាន់ក្រោយនេះតែម្ដង ដែលគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បាន ហើយកំពុងតែសាទរ។
សូមបញ្ជាក់ថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។
លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
តាមរយៈព្រះរាជក្រឹត្យលើកលែងទោសនេះ លោក កឹម សុខា មានសេរីភាពដើរហើរ និងធ្វើសកម្មភាពនានានៅកម្ពុជា។ ប៉ុន្តែលោក កឹម សុខា មិនអាចធ្វើសកម្មភាពនោយបាយ និងចេញទៅក្រៅប្រទេសនោះឡើយ៕
