អាជ្ញាធរស្រុកលំផាត់អំពាវនាវឪ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមនៅរដូវដើមឆ្នាំនេះ ពេលដែលមានភ្លៀងធ្លាក់
ខេត្តរតនគិរី ៖ លោក កិ សុខគា អភិបាលស្រុកលំផាត់ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទ ជាពិសេសសំដៅទៅលើសត្វ គោ ក្របី ពេលដែលមេឃងងឹត មានភ្លៀងធ្លាក់វាអាចបង្ករទៅជាខ្យល់ឬ រន្ទះ។

ការអំពាវនាវរបស់លោកអភិបាលស្រុក គឺបានធ្វើឡើងក្នុងខណៈដែលលោកទទួលបានព័ត៌មាន ពីរដ្ឋបាលឃុំជ័យឧត្តមភ្លាមៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍រដ្ឋបាលឃុំបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០៦ វេលាម៉ោង ១:២០នាទី ម្សិលមិញនេះ មានការកើតហេតុ ដោយរន្ទះបាញ់ គោរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិចំនួនពីរក្នុងឃុំជ័យឧត្តម គោងាប់ ចំនួន ១៩ ក្បាលក្នុងនោះ ៖ ១- ភូមិថ្មី រន្ទះបាញ់គោងាប់ចំនួន ៩ ក្បាល ១ គ្រួសារ ដែលមានម្ចាស់ឈ្មោះ ថង ចាន់ម៉ៅ ។ ២- ភូមិ ស្រែឈូក រន្ទះបាញ់គោងាប់ចំនួន ១០ ក្បាល លើក្រុមគ្រួសារចំនួន ៤ គ្រួសារ ដែលមាន៖ ១- ម្ចាស់គោឈ្មោះ សៃអន ភេទប្រុស ងាប់គោចំនួន ៦ ក្បាល ។ ២- ម្ចាស់គោ ឈ្មោះ កែវ ឧត្តម ភេទប្រុស ងាប់ចំនួន ១ ក្បាល។ ៣- ម្ចាស់គោ ឈ្មោះ ឌឿង កៃ ប្រុស ងាប់ ចំនួន ២ ក្បាល និង៤- ម្ចាស់គោឈ្មោះ លីម កាដាំ ងាប់ ចំនួន ១ ក្បាល។

អភិបាលស្រុកលំផាត់ ក៏បានធ្វើសេចក្ដីណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលចិញ្ចឹម គោ ក្របី សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលដែលឃើញមេឃរកល់ ចង់ភ្លៀង ត្រូវកៀងគោឲ្យចូលក្នុងទ្រុងដែលមានដំបូលស្រាប់កុំឪ្យសត្វចិញ្ចឹមរបស់ខ្លួននៅ ជ្រក ក្រោមដើមឈើ នេះជាវិធីដែលការពារ រន្ទះបាញ់ បានមួយចំណែក៕

