កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការសាងសង់ផ្លូវពីចំណុចការ៉ាសាំងស៊ីអ៊ីដល់សាលាសង្កាត់សុខដុម
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការសាងសង់ផ្លូវពីចំណុចការ៉ាសាំងស៊ីអ៊ីដល់សាលាសង្កាត់សុខដុម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី អាជ្ញាធរក្រុង ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីជាប់គម្រោង។

គោលបំណងសំខាន់នៃកិច្ចប្រជុំ៖ ដើម្បីបង្ហាញពីប្លង់បច្ចេកទេស និងទំហំផលប៉ះពាល់ជាក់ស្តែងដល់ម្ចាស់ក្បាលដីនីមួយៗ ការដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក រវាងរដ្ឋ និងប្រជាពលរដ្ឋ ដើម្បីប្រយោជន៍រួមនៃសហគមន៍ ជាពិសេសដើម្បីឱ្យមន្ទីរពាក់ព័ន្ធបានបកស្រាយបំភ្លឺនូវរាល់ចម្ងល់បច្ចេកទេស ដើម្បីធានាថាការសាងសង់នឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ពលរដ្ឋឡើយ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមសហការ និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីបើកផ្លូវឱ្យបានធំទូលាយ។ លោកបានបញ្ជាក់ថា “ផ្លូវស្អាត គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យដីធ្លី និងមុខរបររបស់បងប្អូនកាន់តែមានតម្លៃ”៕


