លំនៅឋានសង្ស័យលាក់ស្តុកឈើប្រណិត សមត្ថកិច្ចរកឃើញឈើជាច្រើន ម្ចាស់ផ្ទះគេចខ្លួន បន្ទប់ចាក់សោសង្ស័យបិទបាំងភស្តុតាង….

admin By admin January 23, 2026

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចម្រុះរកឃើញសន្និធិឈើកែច្នៃក្នុងលំនៅឋានសង្ស័យ ខណៈម្ចាស់ផ្ទះគេចខ្លួន និងមានបន្ទប់ចាក់សោគួរឲ្យសង្ស័យត្រូវបានសមត្ថកិច្ចចម្រុះ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានចុះអនុវត្តវិធានការត្រួតពិនិត្យលំនៅឋានមួយកន្លែង ដែលមានការសង្ស័យថា រក្សាទុក និងលាក់សន្និធិឈើប្រណិតដោយខុសច្បាប់នោះហើយ។

  បន្ទាប់ពីទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកក្មេកម្ចាស់ផ្ទះ។ មកដល់វេលាម៉ោង  និង ១២,០០ នាទីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦នេះ កម្លាំងចម្រុះបានរកឃើញឈើកែច្នៃជាច្រើនប្រភេទ រួមមាន ឈើទ្វារ ឈើសន្លឹក និងឈើកែច្នៃផ្សេងៗជាច្រើនទៀត ព្រមទាំងរកឃើញឈើចំនួន ៥៥ ដុំ/សន្លឹក ដែលត្រូវបានទុកស្តុកក្នុងទីតាំងលំនៅឋាន។ ក្រៅពីនេះ សមត្ថកិច្ចក៏បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក “កូម៉ា” ដែលមានសភាពវះទម្លាយ សង្ស័យប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើ។


សូមបញ្ជាក់ថា ការចូលឆែកឆេលំនៅឋានសង្ស័យនេះ មិនមានព្រះរាជអាជ្ញាចូលរួមនោះទេ ប៉ុន្តែឪពុកម្ចាស់ផ្ទះបានអះអាង និងធ្វើលិខិតកិច្ចសន្យាអនុញ្ញាតឲ្យកម្លាំងជំនាញចូលត្រួតពិនិត្យតាមនីតិវិធី។ ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចកំពុងអនុវត្តការងារ ម្ចាស់ផ្ទះបានគេចខ្លួន បណ្តោយឲ្យឪពុកអះអាងថា បានយកកូនទៅពេទ្យ ដែលជាចំណុចធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់។


អ្វីដែលធ្វើឲ្យសមត្ថកិច្ចជំនាញពិបាកក្នុងការអនុវត្តច្បាប់បន្ថែមនោះ គឺមានបន្ទប់មួយចាក់សោជាប់ ដែលជំនាញសង្ស័យថា អាចមានការលាក់ស្តុកឈើបន្ថែមនៅខាងក្នុង ខណៈឪពុកម្ចាស់ផ្ទះអះអាងថា មិនអាចបើកសោបានឡើយ។ ករណីនេះត្រូវបានចាត់ទុកថា ជាសញ្ញាសង្ស័យធ្ងន់ធ្ងរ ក្នុងការរារាំងការអនុវត្តច្បាប់ និងការបង្ហាញពីចេតនាលាក់បាំងភស្តុតាង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញចម្រុះកំពុងបន្តស្នើសុំព្រះរាជអាជ្ញា ដឹកនាំផ្ទាល់មកកាន់ទីតាំង ដើម្បីអនុវត្តវិធានការតាមផ្លូវច្បាប់លើបន្ទប់ដែលបានចាក់សោ និងពិនិត្យឲ្យបានច្បាស់លាស់ ដោយគ្មានការយោគយល់ ឬអភ័យទោសចំពោះអំពើល្មើសពាក់ព័ន្ធនឹងបទរក្សាទុកសន្និធិឈើដោយខុសច្បាប់។


គួរបញ្ជាក់ថា ម្ចាស់ផ្ទះដែលសមត្ថកិច្ចកំពុងសង្ស័យ មានឈ្មោះ ប្រាក់ គា ហើយករណីនេះត្រូវបានមហាជនរំពឹងថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តច្បាប់ដោយស្មោះត្រង់ តឹងរឹង និងគ្មានការលាក់បាំង ដើម្បីរក្សាទុកធនធានព្រៃឈើជាតិ និងបង្ហាញភាពស្មើភាពចំពោះមុខច្បាប់។
តាម ច្បាប់ព្រៃឈើ ឆ្នាំ២០០២ ការកាន់កាប់ រក្សាទុក កែច្នៃ ឬលាក់ស្តុកឈើ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានចាត់ទុកថា ជាបទល្មើសព្រៃឈើធ្ងន់ធ្ងរ។ ជាពិសេស បទល្មើស រក្សាទុកជាសន្និធិឈើ និង កែច្នៃឈើដោយខុសច្បាប់ ដែលមានចែងក្នុងច្បាប់ ថាជាបទល្មើសត្រូវផ្តន្ទាទោសទាំងផ្លូវព្រហ្មទណ្ឌ និងរដ្ឋបាល។


បន្ថែមពីនេះ ច្បាប់ក៏បានកំណត់យ៉ាងច្បាស់ថា ម្ចាស់ទីតាំង ឬម្ចាស់លំនៅឋាន ត្រូវទទួលខុសត្រូវពេញលេញចំពោះឈើ ឬផលអនុផលព្រៃឈើ ដែលរកឃើញនៅក្នុងបរិវេណរបស់ខ្លួនការគេចខ្លួន ការមិនសហការជាមួយសមត្ថកិច្ច ឬការចាក់សោបិទបាំងទីតាំង ដែលសង្ស័យថាមានភស្តុតាងបទល្មើស ត្រូវបានចាត់ទុកថា ជាអាកប្បកិរិយារារាំងការអនុវត្តច្បាប់ និងអាចជាបទល្មើសបន្ថែមចំពោះករណីរកឃើញរថយន្ត ដែលសង្ស័យប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើខុសច្បាប់ ច្បាប់ព្រៃឈើក៏បានកំណត់ថា មធ្យោបាយដឹកជញ្ជូន ទាំងអស់ អាចត្រូវរឹបអូសជាសម្បត្តិរដ្ឋ ដោយមិនគិតថាជាកម្មសិទ្ធិរបស់នរណាឡើយ ប្រសិនបើត្រូវបានប្រើប្រាស់ក្នុងបទល្មើសព្រៃឈើ។ ក្នុងន័យនេះ ករណីលំនៅឋានរបស់ឈ្មោះ ប្រាក់ គា ដែលមានការរកឃើញឈើកែច្នៃជាច្រើន និងមានបន្ទប់ចាក់សោសង្ស័យថាលាក់ស្តុកឈើបន្ថែម គឺស្ថិតក្រោមបន្ទុកច្បាប់ព្រៃឈើយ៉ាងច្បាស់ ហើយសមត្ថកិច្ចជំនាញ ត្រូវអនុវត្តវិធានការតាមច្បាប់ដោយតឹងរឹង ស្មោះត្រង់ និងគ្មានការយោគយល់ ដើម្បីបង្ការ និងបញ្ឈប់បទល្មើសព្រៃឈើ ដែលកំពុងបំផ្លាញធនធានធម្មជាតិរបស់ជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *