ឯកឧត្តម ឈួន វិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

admin By admin January 23, 2026

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពក្នុងខេត្តជាច្រើនរូប។

ឯកឧត្តម រដ្ឋលេខាធិការ ប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្នុងនាមឯកឧត្តមផ្ទាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តមណ្ឌលគិរី ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់នៅក្នុងកាតព្វកិច្ច បម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេស ខិតខំជំនះនូវឧបសគ្គនិងការលំបាក រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចមានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី។

ឯកឧត្តម បន្ថែមថា ទោះបីកម្ពុជាបានប្រឈមដោយផ្ទាល់នឹងវិបត្តិនៃការឈ្លានពាន ដោយកម្លាំងប្រដាប់អាវុធពីសំណាក់កងទ័ពថៃ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្ត ទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទល់ និងការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងដៃម្ខាងរក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយនឹងការខិតខំតស៊ូតាមផ្លូវការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ និងស្វះស្វែងរកកិច្ចអន្តរាគមន៍ពី អាស៊ាន សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាច នៅក្នុងការបញ្ចប់សង្គ្រាមឈ្លានពានពីកងទ័ពថៃ ដើម្បីការពារការបាត់បង់អាយុជីវិត និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖ (១) ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ (២) ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម (៣) ការគ្រប់គ្រងរដ្ឋបាលដែនដី (៤) ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (៥) ការអភិវឌ្ឍមូលដ្ឋាន (៦) ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន (៧) ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង (៨) ការពង្រឹងរបៀបរបបការងារ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍ ក្នុងមូលដ្ឋាន មន្ត្រីរាជការគ្រប់ស្ថាប័នអង្គភាពក្នុងខេត្ត ត្រូវបន្តការពង្រឹងសន្តិសុខសុវត្ថិភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានដាច់ខាត និងទប់ស្កាត់រាល់សកម្មភាពវិទ្ធង្សនាព័ត៌មានមិនពិត ។ ពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។ ជំរុញការវិនិយោគក្នុងស្រុកបង្កើនឱកាសការងារ និងពង្រឹងផលិតភាពផ្គត់ផ្គង់ក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លា ។ បន្តលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងការបណ្តុះបណ្តាលជំនាញដល់មន្ត្រីរាជការផងដែរ ។

ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច គណៈអធិបតី ក៏បានរៀបចំពិធីប្រគល់បណ្ណសរសើរ ជូនដល់មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីរាជការដែលមានស្នាដៃឆ្នើមក្នុងការបម្រើជាតិ និងប្រជាជនក្នុងឆ្នាំ២០២៥កន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *