សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)។
យោងតាមកម្រងសាវតារៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា កងទ័ពជើងគោក មានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពីសតវត្សរ៍ទី១ (ឆ្នាំ៥០ នៃគ.ស) គឺពេលដែលក្សត្រប្រទេសដំបូងបានសោយរាជ្យក្នុងទឹកដីខ្មែរ ពោលគឺចាប់តាំងពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន ហើយកងទ័ពជើងគោក ត្រូវបានបានវិវត្តន៍ប្រែប្រួលជាច្រើនលើកច្រើនសារ ទៅតាមសម័យ និងដំណាក់កាលនីមួយៗ។
ក្រោមព្រះរាជបូជីយកិច្ចដឹកនាំ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ជាពេលដែលកងយោធពលខេមរភូមិន្ទ ត្រូវបានបដិសន្ធិឡើងពេញលក្ខណៈ ដោយបានបង្កើតនូវអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក) កងទ័ពជើងអាកាសភូមិន្ទ និងកងទ័ពជើងទឹកភូមិន្ទ។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងសង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើង រហូតដល់មាតុភូមិកម្ពុជា បានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបានបំផ្លេចបំផ្លាញសង្គមជាតិ សេដ្ឋកិច្ច គ្មានសិទ្ធសេរីភាព ហើយក្របខណ្ឌរចនាសម្ព័ន្ធ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជាទី១ ត្រូវបានកម្ទេចចោលទាំងស្រុង។
ទោះបីជារបបប្រល័យពូជសាសន៍ ត្រូវបានដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យ៉ាងណាក្តី ក៏សង្គ្រាម និងជម្លោះផ្ទៃក្នុងនៅតែបន្តមាន និងបានអូសបន្លាយរហូតដល់មានកិច្ចចរចារស្វែងរងសន្តិភាពរវាងសម្តេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនលើក ទើបឈានទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ កងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំកសាងឡើងវិញ ឈរលើមូលដ្ឋានរចនាសម្ព័ន្ធកងទ័ពរបស់អតីតតរដ្ឋកម្ពុជា។
ដើម្បីសម្របទៅតាមគោលនយោបាយ ក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយការបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ហើយនាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក៕
