រដ្ឋមន្រ្តីអប់រំ អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ

admin By admin January 24, 2026

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន ជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង​តំណាងមន្ទីរអប់រំ យុវជន​ និងកីឡាខេត្ត។​

កន្លងមកក្រសួងបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់សាលារៀនដែលរងផលប៉ះពាល់ក្នុងខេត្តពោធិ៍សាត់ តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់លើកនេះប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានមកដល់ទីតាំងសាលារៀនផ្ទាល់ ដោយនាំយកនូវភេសជ្ជៈចំនួន ៦០ កេស និងថវិកាមួយចំនួន ប្រគល់ជូន បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដោយផ្ទាល់ ហើយក៏យកឱកាសនេះ ដើម្បីបានឃើញច្បាស់ពីសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ និងពិនិត្យមើលស្ថានភាពជាកស្តែងរបស់សាលាដែលរងផលប៉ះពាល់ ដើម្បីបន្តផ្តល់ការគាំទ្រកាន់តែប្រសើរ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែង ដើម្បីបន្តបេសកកម្មផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ក្រសួងនឹងនៅតែបន្តផ្តល់ការគាំទ្រដល់សាលារៀន និងលោកគ្រូ អ្នកគ្រូទាំងអស់ ជាពិសេសថ្លែងអំណរគុណដល់ក្រុមហ៊ុន Yeo’s Cambodia ដែលបានចូលរួមចំណែកជាមួយក្រសួងជាបន្តបន្ទាប់ គាំទ្រឧបត្ថម្ភដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹក និងសូមឱ្យបន្តបំពេញការងារឱ្យបានល្អប្រសើរទៅតាមភារកិច្ចរៀងៗខ្លួន រក្សាស្មារតីរួបរួមសាមគ្គីគ្នាឱ្យរឹងមាំ និងខ្លាំងក្លា ដោយយើងប្តេជ្ញាចិត្តទាំងអស់គ្នាថាត្រូវប្រែក្លាយកំហឹងនេះ ទៅជាការកម្លាំងតស៊ូជម្នះដើម្បីពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យមានចំណេះដឹងរួមគ្នាកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើននាពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *