រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងផ្លូវជនបទ ២ខ្សែ នៅស្រុកលំផាត់ ខេត្តរតនគិរី
ខេត្តរតនគិរី ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីធានាថាគម្រោងបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ និងស្តង់ដាបច្ចេកទេសដែលបានកំណត់។

គម្រោងផ្លូវជនបទទាំង ២ខ្សែនេះ ជាការងារជួសជុល និងស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ស្ថិតនៅក្នុងឃុំកាឡែង និងឃុំបាតាង ដែលបានអនុវត្តដោយក្រុមហ៊ុនសាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីមន្ត្រីជំនាញ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ផ្លូវទាំងនេះមានតួនាទីសំខាន់ក្នុងការកែលម្អលក្ខខណ្ឌធ្វើដំណើរ កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមតំបន់ជនបទ។

លើសពីនេះ ផ្លូវជនបទទាំង ២ខ្សែ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដោយជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ការចូលរួមពាណិជ្ជកម្មរបស់ប្រជាកសិករ និងការតភ្ជាប់តំបន់ជនបទទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចនានា ដែលជាគ្រឹះសំខាន់សម្រាប់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្តាប់មតិយោបល់ និងសំណូមពរជាក់ស្តែងពីសហគមន៍។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែទាំ រក្សាគុណភាព និងប្រើប្រាស់ផ្លូវជនបទទាំងនេះដោយមានការទទួលខុសត្រូវ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនបទឲ្យមានភាពចីរភាព៕



